មាសខ្មៅ
ខែ តុលា 17, 2007, 4:57 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

កំណាព្យ បទកាកគតិ

មាសខ្មៅ

 

ដោយ មឿន ឈានណារិទ្ធ

 

    មាសអើយមាសខ្មៅ      មាសនៅកប់ជ្រៅ      ក្នុងសមុទ្ទខ្មែរ

    បរទេសជិតឆ្ងាយ            ចង់បានឥតល្ហែ            មាសខ្មៅមាសខ្មែរ

                                    ដំណែលដូនតា។

    មាសអើយមាសខ្មៅ       មាសជាប្រេងឆៅ         ច្រើនឥតឧបមា

    នឹងផ្តល់ចំណូល             រាប់កោដិដុល្លា              ឲ្យជនខេមរា

                                    ស្តារសេដ្ឋកិច្ចជាតិ។

    មាសអើយមាសខ្មៅ     នឹងប្រើសំដៅ                ជួយសន្តានញាតិ

    ឲ្យលែងក្រីក្រ                  ពឹងអន្តរជាតិ             ឈប់ស្ពាយសំពៀត

                                    សុំទានអ្នកណា។

    មាសអើយមាសខ្មៅ      អំណឹះតទៅ             ខ្មែរលែងខ្លោចផ្សា

    មាសខ្មៅជួយខ្មែរ           បានបរិភោក្តា               មានស្បៀងអាហារ

                                    បរិក្ខាលែងខ្វះ។

    មាសអើយមាសខ្មៅ      មាសជួយកូនចៅ      សង់សាលាផ្ទះ

    សង់មន្ទីរពេទ្យ                ផ្លូវថ្នល់ស្អេកស្កះ       កូនខ្មែរក្មេងចាស់

                                    ប្រាសចាកទុក្ខា។

    ប៉ុន្តែមាសខ្មៅ                 ខ្មែររែងហ្មងសៅ         នៅក្នុងឱរា

    ខ្លាចមាសខ្មៅខ្មែរ           ប្រែបណ្តាសា            ឲ្យជោគវាសនា

                                    ខ្មែរត្រូវអន្តរាយ។

    ដូច្នេះមាសខ្មៅ           សូមដង្ហោយហៅ         អ្នកធំទាំងឡាយ

    ឲ្យចេះបែងចែក             ចំណូលចំណាយ         ឲ្យខ្មែរគ្រប់កាយ

                                   សប្បាយរីករាយ។

                                            ភ្នំពេញ, ថ្ងៃទី៩ ឧសភា ២០០៧



បណ្តាំប្រេត
ខែ តុលា 5, 2007, 12:47 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

កំណាព្យ បទពាក្យ ៧

បណ្តាំប្រេត

 

ដោយ មឿន ឈានណារិទ្ធ

                អនិច្ចារូបខ្ញុំកើតជាប្រេត                 ពោះបាក់គ្រហែតធ្មេញគ្រហុប

                ក្រហល់ក្រហាយកាយគ្មានឈប់់     វេទនាលើសលប់ក្នុងអវចី ។

                ស៊ីខ្ទុះស៊ីឈាមបៀមលាមក            ស៊ីតែគំរក់អាសោចក្រៃ

                ហែកសាច់គ្នាឯងគ្មានប្រណី           ក្បាលសំយុងដីដាំចុះក្រោម ។

                នេះហើយផលកម្មតាមផ្តន្ទា            ព្រោះពៀរវេរាតាមប្រលោម

                ប្រលែងប្រល័យក្ស័យរូបឆោម         រស់នៅឋានក្រោមគ្រាំគ្រាក្រៃ ។

                ទើបតែឥឡូវរដូវភ្ជុំ                        យមរាជលែងឃុំមានសេរី

                ដើររើសបាយបិណ្ឌនៅលើដី           គេបោះឱ្យឆីឆ្អែតអាត្មា ។

                កាលពេលរស់នៅមិនសូវជឿ          បុណ្យបាបជំនឿពុទ្ធសាសនា

                គិតតែលួចជាតិចាយហ៉ឺហា            លុះរងទុក្ខាទើបភ្ញាក់ខ្លួន ។

                ឱមិត្តបងប្អួនកូនចៅអើយ              អ្នកកុំធ្វើឡើយណាមាសស្ងួន

                រឿងកិបកេងជាតិគិតតែខ្លួន           នាំគេគុំគួនជេរផ្តាសា ។

                បើសិនសាងបាបដូចរូបខ្ញុំ             នឹងនាំទុក្ខធំដល់កាយា

                ធ្លាក់ទៅនរករស់ខ្លោចផ្សា             មិនដឹងថ្ងៃណាទើបអស់កម្ម ។

                                                              ភ្នំពេញ ថ្ងៃទី២៨ កញ្ញា ២០០៥



ភ័ក្រ្តអើយ!!
ខែ តុលា 2, 2007, 4:42 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

កំណាព្យបទពាក្យ៧

ភ័ក្រ្តអើយ!!

resize-of-1.jpg

        

            ភ័ក្រ្តអើយធ្លាប់តែស្រស់ប៉ប្រឹម          ភ័ក្រ្តស្រីញញឹមមូលដូចខែ

            ភ័ក្រ្តស្រស់ជាប់ថ្មចម្លាក់ខ្មែរ                 តើភ័ក្រ្តស្រីស្នេហ៍បាត់ទៅណា?

            ភ័ក្រ្តស្រីធ្លាប់តែញញឹមជាប់                 តែភ័ក្រ្តឥតភ័ព្វអត់វាសនា

            ញញឹមអង្វរសូមមេត្តា                          តើបានអ្នកណាគេប្រណី?

            តើអ្នកណាអើយឃោរឃៅម្ល៉េះ            ដាប់គាស់ប្រឡេះយកភ័ក្រ្តស្រី

            ភ័ក្រ្តធ្លាប់តំណាងភាពល្បាញល្បី        ថ្ងៃនេះភ័ក្រ្តស្រីបាត់ទៅហើយ។

            នៅសល់តែខ្លួនឈរស្ងៀមស្ងាត់         ព្រលឹងខ្ចាយខ្ចាត់ឆ្ងាយឥតត្រើយ

            អតីតកាលស្លាប់បាត់ហើយ                 អនាគតអើយយ៉ាងណាទៅ?

ដោយ ខៀវ ណាវី

(លោក ខៀវ ណាវី គឺជានិពន្ធនាយកកាសែតកម្ពុជាថ្មី។ ម៉ាយឃែមបូឌាញូស៍ បានទទួលការអនុញាតពីអ្នកនិពន្ធ ដើម្បីចុះផ្សាយកំណាព្យនេះឡើងវិញ។)



លួចជាតិ លួចទុក្ខ
ខែ កញ្ញា 18, 2007, 10:41 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

កំណាព្យ បទជាប់ទង

លួចជាតិ លួចទុក្ខ

ដោយ មឿន ឈានណារិទ្ធ

ពាក្យថាលោភ ល្មោភចង់បាន ស្មានមិនត្រូវ

មនុស្សឥឡូវ ​ ទៅជាវក់ ឈ្លក់វង្វេង។

ចង់បានទ្រព្យ ផ្គាប់ចិន្តា អាត្មាឯង

ស្រីស្រាល្បែង តែងប្រព្រឹត្ត ព្រឹកថ្ងៃយប់ ។

លុយមានចាយ បាយមានស៊ី ស៊ីមិនឈប់់

សោះនឹងគ្រប់ ឈប់លួចទៀត ជាតិក្រក្រី។

ផ្ទះមាននៅ នៅគ្រប់ផ្ទះ ផ្ទះថ្លៃៗ

គួរលកលៃ ឆីប៉ុណ្ណេះ ប្រេះពោះហើយ ។

ឡានមានច្រើន ច្រើនរាប់ឡូ ដូរមិនស្បើយ

មិនគួរឡើយ សោយអីទៀត ជាតិស្លាប់ហើយ។

កើតមួយជាតិ ធាតុមួយចាន ស្មានជាតិក្រោយ

លួចជាតិហើយ ដោយទាំងទ្រព្យ ជាប់តាមប្រាណ ។

តែតាមពិត គិតឱ្យជាក់ អ្នកមិនបាន

នាំលុយឡាន បានពីលួច រួចយកទៅ។

មានតែត្រូវ ទៅនរក ភ្នក់ភ្លើងក្តៅ

ឋានក្រោមជ្រៅ ហៅមិនឮ ឈឹរីងរៃ ។

សល់តែឈ្មោះ យសអាសោច ខ្លោចផ្សាក្រៃ

ឋានអវិចី អ្វីមិនស្គាល់ ស្គាល់តែទុក្ខ។

បើអញ្ចឹង ប្រឹងខ្មីឃ្មាត ឆ្លៀតសាងសុខ

ចង់ផុតទុក្ខ ទុក្ខសព្វគ្រប់ឈប់លួចជាតិ។

កែសម្រួលថ្មី ថ្ងៃទី១៣ សីហា ២០០៧



អំនួតអ្នកក្រ
ខែ កញ្ញា 14, 2007, 9:48 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

អំនួតអ្នកក្រ

កំណាព្យ បទព្រហ្មគីតិ

ដោយ មឿន ឈានណារិទ្ធ

ថ្ងៃទី១៩ សីហា ២០០៥

កើតមកជាអ្នកក្រ ជិវិតមិនឥតន័យ កើតមកជាអ្នកក្រ តែដេកធ្វើព្រនើយ កើតមកជាអ្នកក្រ តែគ្មានរឿងអាស្រូវ កើតមកជាអ្នកក្រ រទេះគោជួសឡាន កើតមកជាអ្នកក្រ តែចោរមិនអុកឡុក កើតមកជាអ្នកក្រ ទោះបីធ្វើការធ្ងន់ កើតមកជាអ្នកក្រ ទោះបីក្រមួយជាតិ កើតមកជាអ្នកក្រ គ្រាន់ទុកទៅជាតិក្រោយ កើតមកជាអ្នកក្រ សាសន៍ណាហ៊ានបៀនបៀត កើតមកជាអ្នកក្រ សូមស្លេះប៉ុណ្ណេះចុះ មានផលល្អច្រើនក្រាស់ក្រៃ ដូចគេស្តីថានោះឡើយ ។ គ្មានផ្ទះថ្មទេអ្នកអើយ ព្រោះគ្មានឡើយមារសត្រូវ ។ ហូបបបរនឹងឆៃប៉ូវ មកឆាឆៅនៅរំខាន ។ គ្មានឡានល្អបើកបរបាន បរទៅបានគ្រប់ភូមិស្រុក ។ គ្មានខ្សែកមាសពេជ្រទុក រកទំនុកលួចឆក់ប្លន់ ។ សុខភាពល្អមិនសូវអន់ មិនទម្រន់ប្រឹងខ្មីឃ្មាត ។ មិនវីវររឿងត្បិតត្បៀត មិនឈ្លកឆ្លៀតលួចជាតិឡើយ។ សាងសីលធម៌មិនកន្តើយ ជួយកុំឱ្យក្រម្តងទៀត។ ចិត្តស្មោះសរស្នេហាជាតិ ការពារជាតិឥតខ្លាចសោះ។ មានរឿងល្អរាប់មិនអស់ បើមានខុសជួយកែខៃ ។

 

 

 

 

 



អ្នកទោសបេះដូង
ខែ កញ្ញា 11, 2007, 9:28 ព្រឹក
រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ

                       ​អ្នកទោសបេះដូង

                             បទកាកគតិ

ឱរាត្រីស្ងាត់        វាយោបក់ផាត់       រសាត់ពីស្រែ

ដើមដូងរេរាំ        ក្រោមដួងព្រះខែ    គួរឲ្យលំហែ

                       លំហើយកាយា។

មើលទៅដើមដូង មានស្លឹកធាងច្រូង  គួរចង់ទស្សនា

អង្គុយនែបនិត្យ   ជាមួយសង្សា        សាសងស្នេហា

                       ចរចារសម្តី។

តែដើមដូងអើយ ​គឺអ្នកនេះហើយ      ឲ្យខ្ញុំទុក្ខភ័យ

ត្រូវគេរារាំង       ឃុំឃាំងយប់ថ្ងៃ      ដោយខ្លួននេះនៃ

                            លួចផ្លែដូងគេ។

នេះហើយសង្គម អ្នកក្រត្រូវយំ         ក្រៀមក្រំឥតល្ហែ

ព្រោះច្បាប់គេថ្មី  ឥតប្រណីទេ         លួចដូងដប់ផ្លែ

                             ជាប់គុកបួនឆ្នាំ។ (*)

ឱតុលាការ        គួរពិចារណា         ពេលកាត់ក្តីក្តាំ

គួរតែអាណិត    ​មិនគួរចងកម្ម        ដាក់គុកច្រើនឆ្នាំ

                            ទោសទណ្ឌតិចតួច។

លួចដូងដប់ផ្លែ   ចៅក្រមគួរតែ        កាត់ទោសបទលួច

មិនគួរផ្តន្ទា        ទោសយូរក្ររួច     ដូរពីបទលួច

                            ទៅជាបទប្លន់។ (**)

ដោយ មឿន ឈានណារិទ្ធ

(*) ច្បាប់ស្តីអំពីស្ថានទម្ងន់ទោស

(**) កាសែតរស្មីកម្ពុជា អត្ថបទ «លួចផ្លែដូងជាប់គុក៤ឆ្នាំពីបទប្លន់»