រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ
កំណាព្យ បទកាកគតិ
មាសខ្មៅ
ដោយ មឿន ឈានណារិទ្ធ
មាសអើយមាសខ្មៅ មាសនៅកប់ជ្រៅ ក្នុងសមុទ្ទខ្មែរ
បរទេសជិតឆ្ងាយ ចង់បានឥតល្ហែ មាសខ្មៅមាសខ្មែរ
ដំណែលដូនតា។
មាសអើយមាសខ្មៅ មាសជាប្រេងឆៅ ច្រើនឥតឧបមា
នឹងផ្តល់ចំណូល រាប់កោដិដុល្លា ឲ្យជនខេមរា
ស្តារសេដ្ឋកិច្ចជាតិ។
មាសអើយមាសខ្មៅ នឹងប្រើសំដៅ ជួយសន្តានញាតិ
ឲ្យលែងក្រីក្រ ពឹងអន្តរជាតិ ឈប់ស្ពាយសំពៀត
សុំទានអ្នកណា។
មាសអើយមាសខ្មៅ អំណឹះតទៅ ខ្មែរលែងខ្លោចផ្សា
មាសខ្មៅជួយខ្មែរ បានបរិភោក្តា មានស្បៀងអាហារ
បរិក្ខាលែងខ្វះ។
មាសអើយមាសខ្មៅ មាសជួយកូនចៅ សង់សាលាផ្ទះ
សង់មន្ទីរពេទ្យ ផ្លូវថ្នល់ស្អេកស្កះ កូនខ្មែរក្មេងចាស់
ប្រាសចាកទុក្ខា។
ប៉ុន្តែមាសខ្មៅ ខ្មែររែងហ្មងសៅ នៅក្នុងឱរា
ខ្លាចមាសខ្មៅខ្មែរ ប្រែបណ្តាសា ឲ្យជោគវាសនា
ខ្មែរត្រូវអន្តរាយ។
ដូច្នេះមាសខ្មៅ សូមដង្ហោយហៅ អ្នកធំទាំងឡាយ
ឲ្យចេះបែងចែក ចំណូលចំណាយ ឲ្យខ្មែរគ្រប់កាយ
សប្បាយរីករាយ។
ភ្នំពេញ, ថ្ងៃទី៩ ឧសភា ២០០៧