រៀបជា សំណុំឯកសារ ក្នុង៖ កំណាព្យ
កំណាព្យ បទពាក្យ ៧
បណ្តាំប្រេត
ដោយ មឿន ឈានណារិទ្ធ
អនិច្ចារូបខ្ញុំកើតជាប្រេត ពោះបាក់គ្រហែតធ្មេញគ្រហុប
ក្រហល់ក្រហាយកាយគ្មានឈប់់ វេទនាលើសលប់ក្នុងអវចី ។
ស៊ីខ្ទុះស៊ីឈាមបៀមលាមក ស៊ីតែគំរក់អាសោចក្រៃ
ហែកសាច់គ្នាឯងគ្មានប្រណី ក្បាលសំយុងដីដាំចុះក្រោម ។
នេះហើយផលកម្មតាមផ្តន្ទា ព្រោះពៀរវេរាតាមប្រលោម
ប្រលែងប្រល័យក្ស័យរូបឆោម រស់នៅឋានក្រោមគ្រាំគ្រាក្រៃ ។
ទើបតែឥឡូវរដូវភ្ជុំ យមរាជលែងឃុំមានសេរី
ដើររើសបាយបិណ្ឌនៅលើដី គេបោះឱ្យឆីឆ្អែតអាត្មា ។
កាលពេលរស់នៅមិនសូវជឿ បុណ្យបាបជំនឿពុទ្ធសាសនា
គិតតែលួចជាតិចាយហ៉ឺហា លុះរងទុក្ខាទើបភ្ញាក់ខ្លួន ។
ឱមិត្តបងប្អួនកូនចៅអើយ អ្នកកុំធ្វើឡើយណាមាសស្ងួន
រឿងកិបកេងជាតិគិតតែខ្លួន នាំគេគុំគួនជេរផ្តាសា ។
បើសិនសាងបាបដូចរូបខ្ញុំ នឹងនាំទុក្ខធំដល់កាយា
ធ្លាក់ទៅនរករស់ខ្លោចផ្សា មិនដឹងថ្ងៃណាទើបអស់កម្ម ។
ភ្នំពេញ ថ្ងៃទី២៨ កញ្ញា ២០០៥