រៀបជា សំណុំឯកសារ ក្នុង៖ កសិកម្ម
កសិករត្រូវការប្រព័ន្ធធារាសាស្ត្រ
ដោយ មឿន ឈានណារិទ្ធ
កាលពីមុនពេលចូលឆ្នាំខ្មែរកន្លងមក ដោយចៃដន្យ ខ្ញុំបានទៅទស្សនាភូមិរបស់វៀត ណាម មួយដែលមានព្រំប្រទល់ជាប់នឹងខេត្តស្វាយរៀងរបស់កម្ពុជា។
ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ដោយឃើញគេសង់ផ្ទះថ្មស្អាតៗជាច្រើន នៅក្បែរវាលស្រែ ពណ៌បៃតងខ្ចី។ ទិដ្ឋភាពនេះ ប្រាប់ឱ្យយើងដឹងថាកសិករដែលជាម្ចាស់ផ្ទះទាំងនោះ មាន ជីវភាពប្រសើរជាងកសិករខ្មែរ ដែលនៅជាប់ព្រំប្រទល់គ្នានោះឆ្ងាយណាស់។
យើងអាចតាមដានអាថ៌កំបាំងនៅពីក្រោយជោគជ័យរបស់កសិករវៀតណាមទាំងនោះ ដោយងាយបំផុត។ នោះគឺបណ្តាលមកពីពួកគេសម្បូរទឹកល(លើសលប់)នេះឯង ដែលធ្វើ ឱ្យអ្វីៗលូតលាស់បែបនេះ។
ជាអកុសល ពិភពលោកហាក់ដូចជាក្រឡាប់ចក្រ នៅព្រំដែនខាងកម្ពុជា។ ភាពទុគ៌ត បានលាតសន្ធឹងគ្របដណ្តប់លើផ្ទៃដីកម្ពុជា។
វាលស្រែប្រែជាប្រេះក្រហែងដោយព្រះអាទិត្យដុតកំដៅ ចាប់តាំងពីការប្រមូលផល កាលពីប៉ុន្មានខែមុននេះ។ លើកលែងតែម៉ូតូពីរបីគ្រឿងដែលដឹកផលិតផលកសិដ្ឋានមកពី វៀតណាម ស្ទើរតែគ្មានអ្វីដែលមានចលនានោះឡើយ ក្នុងអំឡុងពេលនេះ។
ខ្ញុំមានការរារែកចិត្តនឹងយកវៀតណាមដែលជាប្រទេសកុម្មុយនីស្ត មកធ្វើជាឧទាហរ ណ៍ សម្រាប់កម្ពុជាដែលជាប្រទេស “ប្រជាធិបតេយ្យ”នោះ។ ប៉ុន្តែ ការអភិវឌ្ឍន៍កសិកម្ម របស់វៀតណាម ហាក់ដូចជាទទួលបានជោគជ័យណាស់។
កសិករនៅទីនោះ ធ្វើស្រែបីដងក្នុងមួយឆ្នាំ អាស្រ័យដោយផលប្រយោជន៍នៃប្រព័ន្ធ ធារាសាស្ត្រគេផ្តល់ឱ្យ។ ផ្ទុយមកវិញ កសិករកម្ពុជាពឹងផ្អែកលើទឹកភ្លៀងទាំងស្រុង ហើយធ្វើ ស្រែតែ ម្តងគត់។ ដូច្នេះហើយ កសិករកម្ពុជាភាគច្រើនស្ទើរតែរកអង្ករច្រកឆ្នាំងឱ្យគ្រប់មួយ ឆ្នាំសឹងមិនបាន។
កសិករខ្លះបាននិយាយប្រាប់ខ្ញុំថា កាលពីឆ្នាំទៅកសិករខ្មែរជាច្រើននាក់បានទៅស៊ី ឈ្នួលធ្វើស្រែឱ្យវៀតណាម ហើយខ្លះទៀតនាំគ្នាទៅរើសកួរស្រូវដែលគេជ្រុះចោលក្នុង ស្រែ។
ទោះបីជាយ៉ាងណា ស្ថានភាពរបស់កសិករកម្ពុជាអាចកែប្រែបាន។ គេអាចទទួល បានផលប្រយោជន៍ជាច្រើន ប្រសិនបើកសិកររបស់យើងមានទឹកធ្វើស្រែនៅរដូវប្រាំង។ ជាធម្មតា កសិករ ខ្លះរមែងនាំគ្នាលេងល្បែង និងផឹកស្រាដើម្បី កំដរការអផ្សុក នៅពេលដែល មិនមានការងារស្រែធ្វើ។ ការនេះ អាចនាំមកនូវបញ្ហាជាច្រើន ដូចជាអំពើហិង្សាក្នុងគ្រួសារ និងចោរកម្មជាដើម។
នៅពេលស្ថិតនៅក្នុងប្រទេសវៀតណាម ខ្ញុំបានឃើញយុវជន និងយុវនារីជាច្រើននៅ ពាសពេញភូមិ កំពុងធ្វើការយ៉ាងសប្បាយរីករាយជាមួយគ្រួសាររបស់ពួកគេ។ ពេលដែល ត្រឡប់មកទឹកដីកម្ពុជាវិញ យើងឃើញមានតែពួកយុវវ័យពីរបីនាក់ ដោយពួកគេជាច្រើននាក់ បានទៅរក ការងារធ្វើនៅទីក្រុង ដែលនៅទីនោះគេត្រូវជួបប្រទះ ឬបង្កនូវបញ្ហាសង្គមផ្សេងៗ។
ប្រសិនបើមានការងារធ្វើស្រែនៅផ្ទះ ពួកគេមិនចាំបាច់ទៅទីក្រុងឡើយ។ ពួកគេក៏អាច រស់នៅដោយសប្បាយរីករាយនៅក្នុងភូមិរបស់គេ ទៅតាមប្រពៃណីនៅក្រោមការការពារពី គ្រួសាររបស់គេ។
យើងដឹងថាប្រទេសកម្ពុជានឹងស្វែងរកជំនួយអន្តរជាតិបន្ថែមទៀត បន្ទាប់ពីរដ្ឋាភិបាល ថ្មីត្រូវបានបង្កើតឡើង។ អាស្រ័យដោយប្រជាជនកម្ពុជាចំនួនជាង៨០ភាគរយជាកសិករ ទាំង ម្ចាស់ជំនួយ និងរដ្ឋាភិបាល គួរតែចាត់ទុកការអភិវឌ្ឍន៍កសិកម្មជាអាទិភាពខ្ពស់មួយ នៅក្នុង កិច្ចប្រជុំរបស់គេ។
ជាជាងផ្តល់ចំណីអាហារដល់កសិកររបស់យើង ត្រូវផ្តល់ឱ្យគេនូវមធ្យោបាយ ដើម្បីផលិត ចំណីអាហារឱ្យកាន់តែច្រើនដោយខ្លួនគេ។ ត្រូវផ្តល់ឱ្យគេនូវប្រព័ន្ធធារាសាស្ត្រនិងទឹកដើម្បីធ្វើ ស្រែឱ្យបានច្រើនលើក។ ការកាត់បន្ថយភាពក្រីក្រចាប់ផ្តើមនៅត្រង់នេះឯង។
កាសែត ភ្នំពេញប៉ុស្ត
លេខចេញផ្សាយ ថ្ងៃទី២៣មេសា ដល់ ថ្ងៃទី៦ឧសភា ២០០៤
គ្មានទាន់មាន វិចារ មកទល់ពេលនេះ
បញ្ចេញ មួយវិចារ
<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <pre> <del datetime=""> <em> <i> <q cite=""> <strike> <strong>